ខេត្តព្រះសីហនុ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា គ.ល.ក. បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ស្ដីពីការសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូរបស់ក្រុមហ៊ុន «ហ្កាន់ ដាវ អ៊ិនធើណេសិនណល អេនធើធេនម៉ិន ឯ.ក» ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុជាស្ថាពរ។
ការសម្រេចដកហូតអាជ្ញាបណ្ណនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងទ្រង់ទ្រាយធំមួយ នៅទីតាំងកាស៊ីណូខាងលើ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញភស្តុតាងច្បាស់លាស់ថា ទីតាំងកាស៊ីណូនេះ បានក្លាយជាកន្លែងលាក់ខ្លួន និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams យ៉ាងសកម្ម។
នៅក្នុងសេចក្តីប្រកាសដដែលនេះ គ.ល.ក. បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននៅតែបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងដាច់ខាត តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការ «បោសសម្អាត» រាល់ទីតាំងល្បែងស៊ីសងដែលលួចបង្កប់បទល្មើសឆបោក ដើម្បីរក្សាស្ថិរភាពសង្គម និងសន្តិសុខជាតិ។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនៅកាស៊ីណូ ហ្កាន់ ដាវ នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ១០៨ នាក់ ក្នុងនោះ មានចិន ១០៥នាក់ និងជនជាតិមីយ៉ានម៉ា ៣នាក់ រួមជាមួយការដកហូតកុំព្យូទ័រជិត ៥០០ គ្រឿង និងទូរសព្ទដៃជាង ១,០០០ គ្រឿង ជាវត្ថុតាងផងដែរ។ ករណីនេះ គឺជាសារដាស់តឿនដ៏ក្ដៅគគុកមួយទៀត សម្រាប់ម្ចាស់អាជ្ញាបណ្ណកាស៊ីណូដទៃទៀត ដែលមានចេតនាបង្វែរអាជីវកម្មស្របច្បាប់ ទៅជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕








