![]()
កំពង់ស្ពឺ៖ ក្រសួងបរិស្ថានកម្ពុជា កំពុងពិនិត្យ និងចាត់ វិធានការតាមផ្លូូវ ច្បាប់ បន្ទាប់ពីមានអគ្គិភ័យដ៏ធំមួយកើតឡើងនៅទីតាំងស្តុកសំណល់អេតចាយខុសច្បាប់មួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ ដែលបានបង្កការបំពុលខ្យល់ និងផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។
មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងកើតហេតុនៅថ្ងៃទី៦ ខែមីនា បន្ទាប់ពីមានអគ្គិភ័យចាប់ផ្តើមឆេះនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
តាមការបញ្ជាក់របស់មន្ត្រីជំនាញ អគ្គិភ័យបានបន្តឆេះរហូតដល់យប់ថ្ងៃទី៦ ខែមីនា ហើយមិនទាន់អាចគ្រប់គ្រងបានទាំងស្រុងនៅឡើយ។
ការស្រាវជ្រាវដំបូងបង្ហាញថា ភ្លើងបានឆេះសំណល់ជាច្រើនប្រភេទ ដែលត្រូវបានស្តុកទុកមិនមានសណ្តាប់ធ្នាប់ រួមមាន ខ្សែអគ្គិសនីរាប់សិបតោន ខ្សែកាបអគ្គិសនី ម៉ាស៊ីនបោកគក់ចាស់ៗ ម៉ាស៊ីនត្រជាក់ កុងទែនន័រចាស់ ម៉ូតូ ម៉ូតូកង់បី យានយន្តចាស់ សំណល់យន្តហោះខូចមួយគ្រឿង និងលោហធាតុចាស់ជាច្រើនប្រភេទ។ សំណល់ទាំងនេះត្រូវបានស្តុកលើផ្ទៃដីប្រហែល ១.៥ ហិកតា។
អាជ្ញាធរបានកំណត់ថា ទីតាំងស្តុកសំណល់នេះជាកម្មសិទ្ធិរបស់ឈ្មោះ សុខ ហាន ដែលធ្វើការប្រមូលទិញសំណល់រឹងសម្រាប់កែច្នៃ។ ទោះជាយ៉ាងណា មន្ត្រីជំនាញបានរកឃើញថា អាជីវកម្មនេះដំណើរការដោយគ្មានលិខិតអនុញ្ញាតពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ ជាពិសេសក្នុងវិស័យបរិស្ថាន។
ក្រសួងបរិស្ថានបានព្រមានថា ការស្តុកសំណល់រឹងខុសច្បាប់ អាចបង្កហានិភ័យដូចជា អគ្គិភ័យ ការបំពុលខ្យល់ និងការគ្រប់គ្រងសារធាតុគ្រោះថ្នាក់មិនត្រឹមត្រូវ ដែលអាចនាំឱ្យមានវិធានការតាមផ្លូវច្បាប់។
យោងតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា២៧២ ហាមឃាត់សកម្មភាពស្តុកទុក បញ្ចេញ ដុត កប់ ឬបោះចោលសំណល់គ្រោះថ្នាក់ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ បរិស្ថាន ឬទ្រព្យសម្បត្តិ។ ចំណែកមាត្រា៨៤៤ កំណត់ថា អ្នកប្រព្រឹត្តអំពើល្មើសបែបនេះ អាចប្រឈមនឹងទោសដាក់ពន្ធនាគារពី ១ ដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០០ លានរៀល ក្នុងករណីបន្តប្រព្រឹត្តបទល្មើសដដែល។
មន្ត្រីជំនាញក៏បានណែនាំឱ្យម្ចាស់ទីតាំងសហការជាមួយអាជ្ញាធរដែនដី ដើម្បីទប់ស្កាត់ និងពន្លត់ភ្លើងឱ្យបានឆាប់រហ័ស ផ្អាកការនាំចូលសំណល់គ្រប់ប្រភេទមកស្តុកនៅទីតាំងនេះ និងបំពេញលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធ មុនដំណើរការអាជីវកម្មបែបនេះ។
អគ្គិភ័យបានបង្កផ្សែងខ្មៅក្រាស់ និងក្លិនឈ្ងៀមឆួលខ្លាំង ចាប់តាំងពីម៉ោង៣រសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដែលប៉ះពាល់ដល់បរិស្ថានជុំវិញតំបន់។
រដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បានចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង ដើម្បីបន្តប្រតិបត្តិការពន្លត់ភ្លើង និងគ្រប់គ្រងស្ថានការណ៍។







