កំពង់ធំ ៖ ដោយអនុវត្តតាមការចង្អុលដឹកនាំពី លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមជម្រាបសាធារណជនឲ្យបានជ្រាបថា៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ អ្នកបើកបររថយន្ត ម៉ាក FOTON TUNLAND ពណ៌ទឹកប្រាក់ ផលិតឆ្នាំ2022 ពាក់ផ្លាកលេខ កម្ពុជា – CKT.6518 ពាក់ព័ន្ធករណីបើកបរ មិនគោរពផ្លាកសញ្ញាបញ្ជាចរាចរណ៍ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅចំណុចរង្វង់មូលលោកតាក្រហម ក បានចូលខ្លួនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងបានទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តខុស (បើកបរបញ្ច្រាសទិសចរាចរណ៍)
មូលហេតុដែលខ្លួនបានបើកបរបញ្ជ្រាស់ទិសនេះ ដោយសារតែខ្លួនបាន មើលតាមការបង្ហាញតាមរយៈផែនទីទូរស័ព្ទ (Google Map) អោយបទឆ្វេង។
ករណីនេះ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក “ធ្វើកិច្ចសន្យាអប់រំ ដោយមិនបានផាកពិន័យទេ” ។
ចំពោះអ្នកបើកបររថយន្តខាងលើ បានសន្យាចំពោះមុខសមត្ថកិច្ចថានឹងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកគ្រប់ពេលបើកបរ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាពត៌មាន ។
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងពេលបើកបរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ៕



