ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹងពីការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ និងបានតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតពីវឌ្ឍនភាពការងារនៅការដ្ឋានក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ។
អ្នកនាំពាក្យ សូមបញ្ជាក់ជូនជ្រាបថា នេះជាអនុគម្រោងសាងសង់សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
អ្វីដែលលោកអ្នកបានឃើញរូបភាពទឹកដក់លើដងផ្លូវនេះ បណ្តាលមកពីភ្លៀងកក់ខែធ្លាក់ជាប់ៗគ្នារយៈពេល២ថ្ងៃ បន្ទាប់ពីក្រុមការងារការដ្ឋានបានកាយដាក់ទុយោ និងបានបង្ហាប់ដីតួផ្លូវ កាលពីអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
បច្ចុប្បន្ននេះ ក្រុមការងារបានកែលម្អ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាប្រក្រតីរួចរាល់ ហើយអាជ្ញាធរក្រុង-ខេត្ត ដ៏ដូចជាមន្ត្រីអនុវត្តន៍គម្រោង បានយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងតម្រុវការរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោក ផន រឹម សូមបញ្ជាក់ថា អនុគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២ សាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ ប្រវែង១១០,៩១គ.ម ប្រព័ន្ធលូទឹកភ្លៀង៦,៨៨ គ.ម ព្រមទាំង់ស្ថានីយ៍ចម្រោះទឹកកខ្វក់ សមត្ថភាព ៣៥០០ម៣/ថ្ងៃ មានវឌ្ឍនភាពការងារ៩៥%ហើយ គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដោយគម្រោងគ្រោងនឹងបញ្ចប់នៅបំណាច់ខែមិថុនា ឆ្នាំ២០២៦ខាងមុខ៕








