បាត់ដំបង ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធាន និងសមាជិកក្រុមការងារចល័តចម្រុះ សហការជាមួយមន្រ្តីស្ថានីយពុកឆ្មា បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៥៧ ចន្លោះគ.មលេខ២០និងគ.មលេខ២១ ស្រុកបាណន់ ខេត្តបាត់ដំបង។
ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ១៣គ្រឿង ក្នុងនោះផ្ទុកលេីសទម្ងន់ចំនួន ៣គ្រឿង មានពាក់ឡូហ្គូអក្សរ K, KH, DN, ផ្ទុកលើសទម្ងន់អនុញ្ញាតចន្លោះពី១០តោន ដល់ ២៧តោន គិតជាភាគរយចន្លោះពី២៨% ដល់ ៦៨%។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ។ ក្រុមការងារជញ្ជីងចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕
















