កែប ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមការណែនាំរបស់លោក ឃន វុទ្ធី អភិបាល នៃគណៈអភិបាលក្រុងកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង លោក គិន សុភក្ត្រ អភិបាលរងក្រុង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរសង្កាត់ និងភូមិ ចុះអនុវត្តវិធានការរុះរើសំណង់មិនរៀបរយ ដែលសាងសង់លើផ្លូវសាធារណៈរបស់រដ្ឋ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
ក្នុងប្រតិបត្តិការនេះ អាជ្ញាធរក្រុង បានធ្វើការណែនាំ និងអប់រំដល់ប្រជាពលរដ្ឋ អោយយល់ដឹង និងគោរពច្បាប់ និងការជៀសវាងការសាងសង់រំលោភលើទ្រព្យសម្បត្តិសាធារណៈ ដែលអាចបង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សុវត្ថិភាព និងសោភ័ណភាពទីក្រុង។
ជាមួយគ្នានេះ លោក អភិបាលក្រុង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការថែរក្សាសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថាន តាមដងផ្លូវសាធារណៈ អោយមានភាពស្អាតស្អំ និងរបៀបរៀបរយ ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុងកែប អោយកាន់តែប្រសើរឡើង។












