ខេត្តព្រះសីហនុ៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈសំណង់ របស់ក្រុមហ៊ុន Best Choice Tools CO., LTD និងក្រុមហ៊ុន Soaring Comfort CO., LTD ដែលមានទីតាំងស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
គម្រោងទាំង២នេះមានទុនវិនិយោគសរុបប្រមាណ ៦.១០៤.៩៣២,៨៤ ដុល្លារអាមេរិក និងមានតម្រូវការបុគ្គលិកកម្មករសរុបប្រមាណ ២១៦នាក់។
សូមជម្រាបថា គម្រោងទាំង២នេះបានដាក់ពាក្យស្នើសុំតាមរយៈអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ក្នុងករណីទទួលបានការអនុញ្ញាត ក្រុមហ៊ុនអាចទទួលបានការលើកទឹកចិត្ត ដោយនាំចូលនូវបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្មដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ។
ក្នុងឱកាសនោះ លោកអភិបាលរង បានធ្វើការណែនាំឱ្យក្រុមហ៊ុន៖
-ផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងភ្ជាប់សេវាប.ស.ស.ជូនបុគ្គលិក និងកម្មករឱ្យបានត្រឹមត្រូវ
-រៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់ និងសំណល់រឹង-រាវ ឱ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដើម្បីកុំឱ្យប៉ះពាល់ដល់ពលរដ្ឋមូលដ្ឋាន,
-រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើនដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំង។







