ខេត្តស្ទឹងត្រែង ៖ បន្ទាប់មានសេចក្ដីរាយការណ៍របស់សារព័ត៌មាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ លើករណីឈូសឆាយដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតនៅចំណុចភូមិអន្លុងភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មន្រ្តីមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងរួមជាមួយ អ្នកសារព័ត៌មាន និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ក្នុងតំបន់ការពារធម្មជាតិ នាថ្ងៃទី២-៤ ខែឧសភា ឆ្នាំ២០២៦។ ក្រុមការងារ បានពិនិត្យឃើញមានការឈូសឆាយដីព្រៃមួយកន្លែង ទំហំផ្ទៃដីប្រហែល ២ ហិកតា ដើម្បីយកធ្វើជាកម្មសិទ្ធិ របស់ជនល្មើសពិតប្រាកដមែន។ ក្រុមការងារបានរកឃើញករណីនេះ បានកើតឡើង ជាប់និងចម្ការចន្ទីដែលមានស្រាប់នៅទីនោះ ដែលប្រព្រឹត្តឡើង ដោយ អញ្ញាតជន។ ក្រុមការងារបានសម្រេចឃ្លុំដីទុក និងបានរៀបចំបន្តការងារតាមនីតិវិធី បន្ថែមទៀត និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត។ ក្រុមការងារបានពិនិត្យឃើញថា ការឈូសឆាយដីព្រៃនេះ ធ្វើឡើងដោយជនល្មើស ដែលបានជួល ឬប្រើប្រាសត្រាក់ទ័រ សង្ស័យជារបស់លោក អៀវ ព្រីង ជាសមាជិកក្រុមប្រឹក្សាឃុំអន្លង់ភេ ផងដែរ។
ដោយឡែកនៅភូមិផ្អៅ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រុមការងារបានបន្តរកឃើញការកាប់ទន្ទ្រានដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិចំនួន១ កន្លែងទៀត ដែលបានបន្សល់ទុកស្លាកស្នាម មានដើមឈើខ្លះដួលរំលំ លើផ្ទៃដីទំហំផ្ទៃដីប្រហែល០១ហិកតា ប្រព្រឹត្តដោយ អញ្ញាតជន។ នៅទីនេះក្រុមការងារបន្តចាត់វិធានការបន្តឃ្លាំមើល ធ្វើការឃ្លុំដីទុក និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
បន្ទាប់មកក្រុមការងារ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំងកាប់រានដីព្រៃ ដើម្បីដាំដំឡូង ស្ថិតក្នុងភូមិសាស្ត្រឃុំអន្លង់ភេដដែល និងបានពិនិត្យឃើញមានការកាប់រានដីព្រៃ និងមានការឈូសឆាយដីព្រៃ ភ្ជួរផ្គុំរោងដើមដំឡូងមួយកន្លែង ដោយខុសច្បាប់ លើទំហំផ្ទៃដីប្រហែល០៣ហិកតា។ ករណីនេះបានប្រព្រឹត្តឡើង ដោយឈ្មោះ ហោង ព្រួញ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ បន្ទាប់ពីមានចំណាត់ការឃ្លុំដីទុក ក្រុមការងារបានសរសេរកំណត់ហេតុបទល្មើស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។





