ភ្នំពេញ៖ លោក នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែទី១ ៖ ករណី មរណភាព លោក លី សាម៉េត នៅមណ្ឌលអប់រំកែប្រែទី១ សូមសាធារណជន និងបងប្អូនអ្នកសារព័ត៌មានមេត្តាជ្រាប ដូចខាងក្រោម ៖
– លោក លី សាម៉េត ក្នុងវ័យ៧៣ឆ្នាំ គាត់មានជំងឺប្រចាំកាយធ្ងន់ធ្ងរ គឺជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមខ្ពស់ តាំងពីមិនទាន់បញ្ជូនមកឃុំខ្លួន នៅ ម១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤
– ថ្វីត្បិតគាត់ពុំត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ គាត់ត្រូវបានអនុញ្ញាតឱ្យសម្រាកនៅប៉ុស្តិសុខភាពរបស់មណ្ឌលដើម្បីតាមដានសុខភាពជាប្រចាំពីសំណាក់គ្រូពេទ្យរបស់មណ្ឌល និងលេងកីឡាវាយប៊ូលជារៀងរាល់ថ្ងៃផងដែរ
– មួយរយៈចុងក្រោយនេះ គាត់បានបង្ហាញអាការៈបាក់ទឹកចិត្ត មានអាកប្បកិរិយាស្រងូតស្រងាត់ និងឧស្សាហ៍ងងិតមុខផង ដោយបញ្ហាក្តីក្តាំនៅតុលាការ (ទោសសរុប ២៤ឆ្នាំ និងមួយសំណុំរឿងទៀតត្រៀមប្រកាសទោស)
– នៅវេលាម៉ោង ៧:៣៥នាទីព្រឹក ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយប្រជុំជួររួច មន្ត្រីប្រចាំការនៅអគារសម្រាកព្យាបាល នៃប៉ុស្តិសុខភាព ម១ បានធ្វើការចាក់សោរបញ្ចេញជនជាប់ឃុំដូចសព្វមួយដង បានប្រទះឃើញសពលោក លី សាម៉េត នៅលើគ្រែ មានទម្រង់កំពុងសំរានលក់ តែសពមានសភាពរឹងស្តូកស្តឹងទៅហើយ។ ភ្លាមៗនោះមន្ត្រីក៏បានប្រកាសអាសន្ន និងរាយការណ៍សុំជំនួយពីជំនាញសុខាភិបាល
– ក្រោយពិនិត្យឃើញថា ពុំមានសញ្ញាណជីវិតទាល់តែសោះ មណ្ឌលក៏បានធ្វើការបិទខ្ទប់ទីតាំងកើតហេតុ និងបានរាយការណ៍ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពន្ធនាគារ និងនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្នើសុំជំនាញកោសល្យវិច័យ និងអង្កេតស្រាវជ្រាវករណីមរណភាព ស្របតាមនីតិវិធីពន្ធនាគារ ដោយមានការចូលរួមពីសំណាក់ ឧកញ៉ា វេជ្ជបណ្ឌិត នន សុវណ្ណរ័ត្ន គ្រូពេទ្យជំនាញកោសល្យវិច័យ របស់ស្ថាប័នតុលាការ
– បន្ទាប់ពីបានចំណាយពេលពិនិត្យអស់រយៈពេលពេញមួយព្រឹក មណ្ឌលក៏បានអញ្ជើញគ្រួសារសព រួមមាន៖ កូនប្រុស ស្រីបង្កើត និងភរិយាសព ដើម្បីចូលរួមពិនិត្យទាំងអស់គ្នា និងបានឯកភាពនិមន្តព្រះសង្ឃ និងអាចារ្យ ធ្វើពិធីតាមបែបសាសនា និងដង្ហែរសពចេញពីមណ្ឌលទៅកាន់គេហដ្ឋានគ្រួសារគាត់វិញដោយក្តីក្រៀមក្រំ
– ទាំងមន្ត្រីជំនាញ និងគ្រួសារសពបានឯកភាពគ្នាថា លោក លី សាម៉េត បានទទួលមរណភាពដោយអាការៈគាំងបេះដូងដោយសារគាត់មានបញ្ហាលើសជាតិស្ករ ទឹកនោមផ្អែមធ្ងន់ធ្ងរ និងសម្ពាធឈាមខ្ពស់
– ក្នុងនាមអង្គភាពអនុវត្តសាលក្រម សាលដីកាតុលាការ និងអប់រំកែប្រែ ស្តារនីតិសម្បទាជូនជនជាប់ឃុំ យើងខ្ញុំមានភារកិច្ចចាំបាច់ក្នុងការមើលថែសុខមាលភាព និងអាយុជីវិតជនជាប់ឃុំទាំងអស់ ដែលកំពុងអនុវត្តទោស និងរង់ចាំតស៊ូក្តីនៅតុលាការ តែជាអកុសល បញ្ហាស្លាប់តែងកើតមានជាយថាហេតុ មិនអាចទប់ស្កាត់បានទាំងស្រុងឡើយ
– ក្នុងនាមប្រធានមណ្ឌល ខ្ញុំសូមច្រានចោលរាល់ការចោទប្រកាន់យ៉ាងងងើលរបស់ជនឱកាសនិយម ពាលអគតិមួយចំនួន ដែលបានបង្ហោះផ្សព្វផ្សាយមិនពិត ថាមរណភាពរបស់លោក លី សាម៉េត ជាការបង្វែងសភាពការណ៍ឆបោកអនឡាញ និងបញ្ហាមួយចំនួនទៅវិញ។ ពួកនោះជាទមិឡឥតសាសនា គ្មានសីលធម៌ គ្មានសច្ចៈធម៌ក្នុងខ្លួន រកតែឱកាសញុះញង់បង្កការភាន់ច្រលំមកលើសមត្ថកិច្ច និងអាជ្ញាធរដែលកំពុងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់
– ខ្ញុំក៏សូមស្នើសុំបងប្អូនអ្នកលេងបណ្តាញសង្គមទាំងអស់មេត្តាយោគយល់អធ្យាស្រ័យដល់វិញ្ញាណក្ខន្ធសព និងគ្រួសារសពដែលកំពុងមានទុក្ខជាទម្ងន់ សូមមេត្តាកុំប្រើប្រាស់ពាក្យប្រមាថមាក់ងាយ និន្ទា ជាន់ឈ្លី ធ្វើម្តេចគាត់បានចែកឋានទៅហើយ
– សូមបួងសួងដល់គុណបុណ្យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមវិញ្ញាណក្ខន្ធ លោក លី សាម៉េត បានចាកចេញទៅកាន់សេរីភាព និងបានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។






