មន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំមន្រ្តីឧទ្យានុរក្ស សហការជាមួយសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ ចុះល្បាត បង្ក្រាប និងស្រាវជ្រាវករណីមានបទល្មើសធនធានធម្មជាតិ នៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
ក្រុមការងារបាន បង្ក្រាប និងការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ (ឈ្មោះ នុត ជា, ខុន សាស, និងសាន វី) ក្នុងសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់អូរស្កាច និងបានដកហូតវត្ថុតាង គោយន្ត ០២គ្រឿង, រណាយន្ត ០១គ្រឿង និងឈើអាររួចចំនួន ០,៦៥ ម៉ែត្រត្រីគុណ។ ជនសង្ស័យទាំង ០៣នាក់ ត្រូវបានសាលាដំបូងខេត្តព្រះវិហារចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្ត។
ជាមួយគ្នានេះ ក្រុមការងារបន្តចុះត្រួតពិនិត្យទីតាំងបទល្មើស បានរកឃើញដើមឈើធំៗ (មុខកាត់ ៦០-១២០ ស.ម) ត្រូវបានកាប់រំលំចំនួន ២០ដើម (ឈើទាល ១៩ដើម និងឈើត្រាច ០១ដើម)។ ក្រុមការងារបានចាត់វិាធានការប្រមូលវត្ថុតាងបន្ថែម ដោយដកហូតឈើអារដែលនៅសេសសល់ចំនួន ១០ ម៉ែត្រត្រីគុណ យកមករក្សាទុកនៅស្នាក់ការ៩១ និងស្នាក់ការអូរកក់ ដើម្បីបន្តនីតិវិធីច្បាប់តឹងរ៉ឹងថែមទៀត។
ដោយឡែក មន្រ្តីជំនាញមន្ទីរបរិស្ថានបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងរកមេខ្លោង ដែល បានកំណត់អត្តសញ្ញាណជនសង្ស័យ ០៣រូបទៀត។ មន្ទីរបរិស្ថានខេត្តព្រះវិហារបន្តនីតិវិធីច្បាប់ និងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការដើម្បីចាត់ការតាមច្បាប់ និងកំពុងបន្តស្រាវជ្រាវយ៉ាងសកម្ម ដើម្បីវែកមុខរកអ្នកពាក់ព័ន្ធទាំងអស់មកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។





