ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២៣ និង៤០នាទី កម្លាំងប្រចាំការ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសូទៃ សហការជាមួយកម្លាំងគយ ស្នាក់ការ ច្រកតំបន់ដូនរ័ត្ន ដឹកនាំដោយលោក គាន លឹមហួត អនុប្រធានការិយាល័យគយ និងរដ្ឋាករ ស្រុកមេមត់ បានល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសូទៃ ដល់ចំណុច ចន្លោះបង្គោលព្រំដែនលេខ ១០៣ ទៅបង្គោលព្រំដែនបំពេញបន្ថែមលេខ ១០៣/២ ក្នុងភូមិសាស្ត្រភូមិដូនរ័ត្នទី១ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រទះឃើញរ៉ឺម៉ក ចំនួន០២គ្រឿង ចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា ដោយមានការសង្ស័យ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក សហការជាមួយកម្លាំងគយច្រកតំបន់ដូនរ័ត្ន បានឃាត់ និងយកទៅរក្សាទុកនៅស្នាក់ការច្រកតំបន់ដូនរ័ត្ន រង់ចាំកម្លាំងជំនាញធ្វើការត្រួតពិនិត្យ។
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៦ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសូទៃ សហការជាមួយកម្លាំងជំនាញ ស្នាក់កាគយច្រកតំបន់ដូនរ័ត្ន ធ្វើការឆែកឆេត្រួតពិនិត្យ ឃើញមានទំនិញ ចំនួន០៥ប្រភេទ ក្នុងនោះមានដូចជា ៖
១. មាន់រស់ ចំនួន១,០៤៩គីឡូក្រាម
២. ស្លាបមាន់ ចំនួន ១៥០គីឡូក្រាម
៣. សាច់ក្រកស្បែកស្រួយ ចំនួន៩២០គីឡូក្រាម
៤. ខោអាវកូនក្មេង ចំនួន១៥១គីឡូក្រាម
៥. កោះមាន់ ចំនួន ១០០គីឡូក្រាម
ក្រោយការឆែកឆេរត្រួតពិនិត្យរួចរាល់ កម្លាំងជំនាញរបស់ស្នាក់ការគយច្រកតំបន់ដូនរ័ត្ន បានយកទៅរក្សាទុក ដើម្បីប្រគល់ឲ្យមន្ត្រីជំនាញ ក.ប.ប ខេត្តត្បូងឃ្មុំ ចុះមកត្រួតពិនិត្យ។
ប្រភព ៖ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥




