រដ្ឋបាលស្រុកល្វាឯម មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអង្គភាពសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល!
ក្រោយពីបានឃើញការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឈ្មោះ Ly Chan Vatey ដែលមានខ្លឹមសារថា “ខ្ញុំទ្រាំឈឺចាប់មកយូរហេីយ ពេលនេះខ្ញុំទ្រាំលែងបានទៀតហេីយ ឆាប់ៗនេះខ្ញុំនឹងចេញវិដេអូ ទាក់ទងនឹង អ្នកដែលឃុបឃឹតគ្នាលួចលក់ដីចំនួន4ហិចតា ដែលពុកម៉ែខ្ញុំ ដាំឈូកនៅ ភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល អស់រយៈពេលជាង15ឆ្នាំមកហេីយ តែចុងក្រោយស្រាប់តែមានខាងគ្រឿងចក្រមកឈូសឆាយ ហេីយនិយាយថា ដីនេះគេលក់រួចហេីយ ធ្វេីប្លង់រឹងរួចហេីយ ។ ខ្ញុំសូមប្រកាសថា ខ្ញុំនិងឱពុកខ្ញុំឡេីងទៅដល់ណាក៏ខ្ញុំទៅដែរ ដេីម្បីស្វែងរកយុត្តិធម៌ជូនពុកម៉ែខ្ញុំដែលពួកអ្នកច្បាប់អស់ឯងចេះច្បាប់អង្គុយលេីច្បាប់។ ធ្វេីបាបពុកម៉ែអញមេស។” រួចមក
រដ្ឋបាលស្រុក បានអញ្ជើញឈ្មោះ លី សេង និង លី សីហា (ឳពុក និងបងប្រុសបង្កើតរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ) និងតំណាងក្រុមហ៊ុនទទួលសាងសង់ផ្លូវ មកធ្វើការសាកសួរ និងសម្របសម្រួល តបតាមលិខិតសំណើសុំអន្តរាគមន៍របស់ឈ្មោះខាងលើ។
បន្ទាប់ពីបានប្រមូលព័ត៌មានពីសាម៉ីខ្លួន និងអាជ្ញាធរភូមិឃុំ ក៏ដូចជាការពិនិត្យឯកសារពាក់ព័ន្ធ រដ្ឋបាលស្រុក សូមធ្វើការបំភ្លឺដូចខាងក្រោម៖
១-ដីដែលឈ្មោះ លី សេង និង លី សីហា អះអាងថា ជាដីអាស្រ័យផលរបស់ខ្លួន គឺជាដីស្ថិតក្នុងផ្ទៃបឹងកក់ទំហំ១៤ហិកតា ៨៨អា ១៨សង់ទីអា ដែលត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំណត់ជាដីសាធារណៈរបស់រដ្ឋ តាមរយៈលិខិតលេខ៥១៤ ដនស/អសដភ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២
២-ឈ្មោះ លី សេង, លី សីហា និងក្រុមគ្រួសារ បានទទួលស្គាល់ថា ដីដែលពួកគាត់បាននិងកំពុងអាស្រ័យផល ពិតជាដីបឹងកក់ប្រាកដមែន និងបានគាំទ្រដល់ការរក្សាទុកបឹងកក់ជាដីសាធារណៈរបស់រដ្ឋ ដើម្បីអាចឲ្យពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋដទៃ អាស្រ័យផលដាំដុះ និងរករបរនេសាទ ។ល។
៣-ការផ្សព្វផ្សាយតាមបណ្ដាញសង្គម និងអង្គភាពសារព័ត៌មានមួយចំនួនលើកឡើងថា គ្រឿងចក្រកំពុងឈូសឆាយនាពេលថ្មីៗនេះ គឺជាព័ត៌មានមិនពិត ដោយសាររូបភាពគ្រឿងចក្រទាំងនោះ គឺជាសកម្មភាពជីកស្ដារដីបឹងកក់ យកអាចម៌ដីសាងសង់ផ្លូវមួយខ្សែភ្ជាប់ពីឃុំកោះរះ ទៅឃុំទឹកឃ្លាំង តាំងពីអំឡុងឆ្នាំ២០២២មកម្ល៉េះ
៤-ឈ្មោះ លី សេង និងភរិយា ក៏បានទទួលថ្លៃសំណងផលប៉ះពាល់លើដំណាំឈូកពីក្រុមហ៊ុនទទួលការរួចរាល់ហើយដែរ កាលពីអំឡុងឆ្នាំ២០២២នោះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន និងអង្គភាពសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន។











