ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ សហការជាមួយកម្លាំង
ជំនាញនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមាន
ការសម្របសម្រួលដោយលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង បានចុះពិនិត្យទីតាំងសង្ស័យនាំចូលសាច់បង្កក និងផលិតផលពីប្រទេសថៃរួមមាន៖
ឃ្លាំងយីហោ «ភុត ប៊ុន ហម» ស្ថិតនៅក្នុងភូមិឆ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ទីតាំងស្ថិតនៅផ្លូវ៥៩៨ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
ទីតាំងស្ថិតនៅផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។
ឃ្លាំងទំនិង ISR (ចែទូច) ស្ថិតនៅផ្លូវលំ ភូមិទី៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។
ទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ក្រុមហ៊ុន FWI ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ក្រោយចប់ប្រតិបត្តិការ ក្រុមការងាររកឃេីញទីតាំងឃ្លាំងយីហោ «ភុត ប៊ុន ហម» ដែលបាននាំយកសាច់បង្កក និងផលិតផលមួយចំនួនពីប្រទេសថៃ។ ម្ចាស់ទីតាំងខាងលេីដែលបាននាំចូលសាច់ពីប្រទេសថៃ ត្រូវបាននាំខ្លួនទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជុំវិញការនាំចូលផលិតផលទាំងនេះ និងស្វែងរកអ្នកពាក់ព័ន្ធ។ រីឯទីតាំងឃ្លាំង ក្រុមការងារសម្រេចបិទបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់។
ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់លោក លោកស្រី អភិបាលខណ្ឌទាំង១៤ ត្រូវបន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លូន ដែលសង្ស័យអាចមានប្រភពនាំចូលពីប្រទេសថៃឱ្យបានម៉ត់ចត់។
ទន្ទឹមនឹងនេះ ឯកឧត្ដមអភិបាល បានសង្កត់ធ្ងន់ឱ្យរដ្ឋបាលខណ្ឌទាំងអស់ត្រូវអនុវត្តកិច្ចការទាំងអស់នេះព្រមៗគ្នាជាមួយនឹងការងារចុះប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមិនត្រូវរាថយដាច់ខាត៕

























