ភ្នំពេញ ៖ យោងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៧:៣០នាទី រហូតដល់ម៉ោង១៧:១៥នាទី កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋាន ក.ប.ប ដោយមានកិច្ចសម្របសម្រួលផ្លូវច្បាប់ពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសប្បកម្ម ឃ្លាំងស្តុក សាច់ និងប្រហិតចម្រុះ ចំនួន ០៧ទីតាំង ក្នុងមូលដ្ឋានសង្កាត់បឹងសាឡាងក្នុងនោះ បានឃាត់ខ្លួនម្ចាស់សិប្បកម្ម ០១ទីតាំង មានឈ្មោះ ហេង មួយលី ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៨៩ ផ្លូវលេខ២៤៧ ភូមិ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីរកឃើញមានម៉្សៅបំពងចំនួន២០កេស ស្មើនឹង២០០កញ្ចប់ ជាផលិតផលនាំចូលពីប្រទេសថៃ ដោយខុសច្បាប់ ម្ចាស់ទីតាំងបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី និងបានបិទសៀលឃ្លុំបេសិប្បកម្មប្រហិតខាងលើផងដែរ។
»» ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌបានសហការជាមួយរដ្ឋបាលខណ្ឌជ្រោយចង្វារ ចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញបោះដុំ និងលក់រាយដែលលក់ផលិតផលថៃ (គ្មានស្លាកយីហោ) ដែលបានលក់ផលិតផលថៃឱ្យម្ចាស់សិប្បកម្ម ហេង មួយលី លក់បន្ត ស្ថិតនៅផ្លូវបេតុង OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្រុមការងារបានរកឃើញផលិតផលថៃ បានមួយចំនួនធំ និងបានឃាត់ខ្លួនម្ចាស់ទីតាំង បញ្ជូនទៅអធិការនគរបាលខណ្ឌជ្រោយចង្វារចាត់ការតាមនីតិវិធី។





