ភ្នំពេញ៖ នាថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ អាជ្ញាធរសង្កាត់ព្រែកឯង ដើម្បីចុះពិនិត្យជាក់ស្តែងទីតាំងដីមួយកន្លែង ដែលសារព័ត៌មានចុះផ្សាយថា បានចាក់ដីលុបចូលទន្លេមេគង្គ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ពុំមានការចាក់លុបដីចូលទន្លេមេគង្គនោះទេគឺមានតែការរៀបចំកែលម្អច្រាំងទន្លេនៅលើច្រាំងធម្មជាតិ។ ឯកឧត្តម បានជម្រាបដល់អាជ្ញាធរសង្កាត់ព្រែកឯង និងអាជ្ញាធរខណ្ឌច្បារអំពៅ ឱ្យជម្រាបទៅម្ចាស់សំណង់ច្រាំង ឱ្យដាក់លិខិតស្នើសុំការអនុញ្ញាតមកក្រសួងធនធានទឹក និងឧតុនិយម ស្របតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ កាលពីពេលថ្មីៗនេះ។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដែលបានសម្រេច៖
១) ប្រគល់ភារកិច្ចជូនគណៈកម្មាធិការរាជធានី-ខេត្តគ្រប់គ្រងអាងទន្លេ៖ រៀបចំផែនការកែលម្អច្រាំងទន្លេ ស្ទឹង ព្រែក ក្នុងក្របខ័ណ្ឌអាងទន្លេរាជធានី-ខេត្តរបស់ខ្លួន ដើម្បីដាក់ជូនក្រសួងធនធានទឹក និងឧតុនិយម ឬក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រៀបចំផែនទីកំណត់ដីចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក នៅក្នុងតំបន់រាជធានី ឬក្រុងនៃខេត្ត ឬទីប្រជុំជន និងតំបន់អភិវឌ្ឍ ដោយអនុលោមតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ដើម្បីដាក់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ពិនិត្យនិងគោរពសុំគោលការណ៍សម្រេចពីប្រមុខរាជរដ្ឋាភិបាល។
២)លើកទឹកចិត្តដល់វិស័យឯកជន ពិសេសម្ចាស់កម្មសិទ្ធិនៃដីដែលជាប់នឹងដីចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក ក្នុងការចូលរួមរៀបចំកែលម្អច្រាំងទន្លេ ស្ទឹង ព្រែក ដើម្បីការពារដីកម្មសិទ្ធិឯកជនរបស់ខ្លួនពីហានិភ័យនៃការបាក់ស្រុតច្រាំងទន្លេ ស្ទឹង ព្រែក ដោយត្រូវគោរពតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងមានការអនុញ្ញាតជាមុនពីក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលរាជធានី-ខេត្ត៕








