ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី លោក កៀង ល័ក្ស អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន និងមានការសម្របសម្រួលផ្លូវច្បាប់ពី លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង ក្រុមការងារចម្រុះដឹកនាំដោយ លោក ម៉ៅ បូណែត អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យបន្ទប់សង្ស័យក្នុងអគារ DTT RESIDENCE ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ បន្ទាប់ពីទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ។
បានចុះការត្រួតពិនិត្យ៖ ស្រាវជ្រាវជាក់ស្តែងសរុបចំនួន ៦០ បន្ទប់ ពិនិត្យឃើញមនុស្សស្នាក់នៅ ២៧ នាក់ (ស្រី ១០ នាក់) មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ (ពុំមានជនបរទេសស្នាក់នៅខុសច្បាប់ឡើយ)។
នៅបន្ទប់លេខ ១២១៨ (គ្រប់គ្រងដោយក្រុមហ៊ុន ChaoChi Group) សមត្ថកិច្ចបានរកឃើញសម្ភារសង្ស័យរួមមាន Laptop ០៤គ្រឿង និងទូរស័ព្ទ ១០គ្រឿង។
ផ្អែកលើការធ្វើវិភាគកោសល្យវិច័យពីការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ទីតាំងនេះត្រូវបានសន្និដ្ឋានថាជាករណី សង្ស័យប្តូររូបបិយប័ណ្ណឌីជីថល (Crypto) ខុសច្បាប់។
បច្ចុប្បន្ន សម្ភារវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីជំនាញ ហើយបន្ទប់លេខ ១២១៨ ខាងលើ ត្រូវបានបិទឃ្លុំជាបណ្តោះអាសន្ន។
រដ្ឋបាលខណ្ឌចំការមន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ព័ត៌មាន និងសហការ ដើម្បីរួមគ្នារក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន!






