ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិត លេខ ៥៥៩/២៦ ឆត.ច ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកភាពជាគោលការណ៍អនុញ្ញាតអោយរដ្ឋបាលខណ្ឌឫស្សីកែវអនុវត្ត៖
១- ហាមឃាត់ ឈ្មោះ ព្រំ បូរ និងក្រុមគ្រួសារ បន្តគ្រប់គ្រងចាត់ចែងអាស្រ័យផលលើដីចំនួន ២ឡូតិ៍ គឺដីឡូតិ៍លេខ៩ , ១១ ផ្លូវលេខ៥៩៨ ដែលនៅសល់ពីការអនុវត្ត សាល ដី កា លេខ ៣១២ (ផ) ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ របស់តុលាការកំពូល លុះត្រាតែឈ្មោះព្រំ បូរ និងក្រុមគ្រួសាររុះរើសំណង់ និងចាកចេញពីដីក្នុងប្លុកត្រីកោណដែលកាន់កាប់ ដោយខុសច្បាប់ បញ្ឈប់សកម្មភាពប្តឹងទាមទារដីបន្ថែមផ្ទុយពីខ្លឹមសារសេចក្តីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងព្រមទទួលយកដីចំនួន ២ឡូតិ៍ ខាងលើ។
២- អនុញ្ញាតជាគោលការណ៍ក្នុងការអនុវត្ត វិធានការ រដ្ឋបាលដើម្បីដកហូតដីទំហំសរុប ២,២១៩.៧៩ម៉ែត្រក្រឡា ដែលក្រុមគ្រួសាររបស់ឈ្មោះ ព្រំ បូរ និងឈ្មោះ ព្រំ អូន កំពុងគ្រប់គ្រងខុសច្បាប់ ស្ថិត នៅ ខាងកើតផ្លូវលេខ៥៩៨ ក្នុងប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សី កែវ រាជធានីភ្នំពេញ យកមកប្រគល់ជូនប្រជាពលរដ្ឋ មានប័ណ្ណកម្មសិទ្ធ និងប្រជាពលរដ្ឋមានសេចក្តីសម្រេចពីសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។



