សៀមរាប ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨និង៣០នាទី មានករណី អគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះឃ្លាំងមន្ទីរពេទ្យបង្អែកស្រុកពួក ស្ថិតនៅក្នុងភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ករណី អគ្គិភ័យនេះ បណ្តាលឲ្យខូចខាតអគារ ឈើមួយខ្នង មានទំហំ ៦ម៉ែត្រ គុណ ៣០ម៉ែត្រ រួមទាំងខូចខាត ឯកសារ ថ្នាំអំពូល
ថ្នាំគ្រាប់ សេរ៉ូម និងសម្ភារៈប្រើប្រាស់ មួយចំនួនផងដែរ ។
ករណី អគ្គិភ័យខាងលើ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ។
សូមជម្រាបថា ករណី អគ្គិភ័យនេះ គេឃើញវត្តមាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចុះដល់ទីតាំងកើតហេតុ និងបានចាត់កម្លាំង ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះបាញ់ទឹកពន្លត់ ដោយ ប្រើប្រាស់ រថយន្ត ពន្លត់ អគិ្គភ័យ សរុបចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់សរុបអស់ចំនួន៤រថយន្ត ក្នុងនោះរួមមាន ៖ រថយន្ដពន្លត់អគ្គិភ័យ នៃស្នងការនគរបាលខេត្តចំនួន ៣គ្រឿង, រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកពួក ចំនួន០១គ្រឿង, ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះឲ្យរលត់ទៅវិញ នៅវេលាម៉ោង ១០និង០០នាទី ថ្ងៃខែឆ្នាំដដែរ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមាន
ការប្រុងប្រយ័ត្នគ្រប់វិនាទី ចំពោះដើមហេតុ ដែលអាចបង្កឲ្យកើតមាន
អគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីជាដើម។ និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ ទប់ស្កាត់ កុំឲ្យមានគ្រោះអគ្គិភ័យកើតឡើង ជាយថាហេតុ។
ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមទំនាក់ទំនងផ្តល់ព័ត៌មានមកកាន់ទូរស័ព្ទលេខ ☎️ 078 773 774, 092 999 906, 070 344 766 ៕





