ខេត្តកំពង់ធំ៖ បន្ទាប់មានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បានចុះបង្ការទប់ស្កាត់ និងអនុវត្តវិធានការច្បាប់ ករណីមានការដឹកជញ្ជូនឈើចេញពីព្រៃក្នុងខេត្តកំពង់ធំ។ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរបរិស្ថាន បានចុះល្បាត និងបានពិនិត្យឃើញ ទីតាំងទុកដាក់អុសដើមស្វាយចាន្ទី ប្រហែល ជាង១០០ស្ទែរ (១០០ ម៉ែត្រត្រីគុណ) និងអុសឈើព្រៃងាប់ៗ(ភាគច្រើនជាដើមត្រសេក)ប្រមាណ១៥ស្ទែរ នៅជាប់នឹងភូមិពពក និងក្នុងភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ ប៉ុន្តែមន្រ្តីជំនាញមិនបានរកឃើញ រថយន្តដឹកអុសនៅទីនោះទេ។
ក្រុមការងារបានពិនិត្យឃើញថាអុសទាំងនោះ មិនមែនមានប្រភពពីដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ នៅជិតនោះឡើយ។ តាមការពិនិត្យជាក់ស្តែង កន្លែងស្តុកអុសនោះ ទទួលបានអុសស្វាយចាន្ទី ពីអ្នកភូមិ ដែលបានកាប់ដើមស្វាយចាន្ទីក្នុងចំការរបស់ពួកគាត់ ដើម្បីសម្អាតដាំដំណាំសារថ្មី និងអុសឈើព្រៃ ភាគច្រើន ជាដើមត្រសេកងាប់ៗ ដែលពួកគាត់កាត់យកពីក្នុងចំការនោះដែរ។ ក្រុមការងារបានចាត់វិធានការចំពោះមុខ មិនឱ្យមានកាប់ ដឹកជញ្ជូន និងការលក់ដូរអុសឈើព្រៃទៀតឡើយ។ ក្រុមការងារជំនាញនឹងបន្តពិនិត្យតាមដាននិងស្រាវជ្រាវករណីនេះ ជាបន្តទៀត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ចំពោះបទល្មើសធនធានធម្មជាតិ។






