កំពង់ធំ ៖ នៅថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីអញ្ជើញចុះសួរសុខទុក្ខ នាំយកសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន គ្រឿងឧបភោគ បរិភោគ និងថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ២,៥០០,០០០ រៀល (ពីរលានហាសិបម៉ឺនរៀល) ព្រមទាំងរៀបចំសង់ផ្ទះ ចំនួន០១ខ្នង ទំហំ៤ម៉×៦ម៉ ធ្វើអំពីដែកប្រក់ស័ង្កសី ដើម្បីជាជម្រកបណ្តោះអាសន្ន ជូនលោកអនុសេនីយ៍ឯក ជា ផល មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ ដែលបានជួបគ្រោះអគ្គិភ័យឆេះផ្ទះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ បានមានប្រសាសន៍នាំនូវការយកចិត្តទុកដាក់ និងការគិតគូរពីសុខទុក្ខរបស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំងក្រោមឱវាទ ជាពិសេសយោធិនដែលមានជំងឺ ពិការ ពលី មរណៈ និងអ្នកដែលជួបការលំបាក ឬគ្រោះថ្នាក់ផ្សេងៗ ដោយមិនទុកឱ្យកងកម្លាំងណាម្នាក់នៅឯកោឡើយ។
ជាមួយគ្នានេះ លោកមេបញ្ជាការស្តីទី ក៏បានណែនាំដល់លោកអនុសេនីយ៍ឯក ជា ផល ឱ្យមានភាពរឹងមាំ ស្មារតីអត់ធ្មត់ និងបន្តថែរក្សាសុខភាព ព្រមទាំងជម្នះការលំបាកក្នុងពេលនេះ ដោយមានជំនឿចិត្តថា មហាគ្រួសារកងរាជអាវុធហត្ថនឹងបន្តនៅក្បែរគ្នា ជួយគ្នាក្នុងគ្រាមានអាសន្ន និងលំបាក។
សកម្មភាពនេះបានបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងក្នុងមហាគ្រួសារកងរាជអាវុធហត្ថ ព្រមទាំងជាការលើកទឹកចិត្តដល់មន្ត្រីដែលជួបគ្រោះអកុសល ឱ្យមានកម្លាំងចិត្តក្នុងការជម្នះការលំបាក និងកសាងជីវភាពឡើងវិញ។


