ខេត្តកំពត៖ ដោយមានការយកចិត្តទុកដាក់របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្រោយទទួលបានព័ត៏មានអំពីបញ្ហាប្រឈមពាក់ពន្ធ័និងការបង្ហោះរបស់បងប្អូនប្រជាពលរដ្ឋ តាមបណ្តាញសង្គម នៅទីតាំងឆ្នេរកោះស្មៅ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន
អភិបាលស្រុកទឹកឈូ បានចាត់តាំង លោក មូល សុធា អភិបាលរងស្រុក រួមនឹងអាជ្ញាធរ ឃុំជុំគ្រៀល ចុះណែនាំដល់អាជីវករ ដែលលក់ដូរទាំងអស់នៅបណ្តោយឆ្នេរកោះស្មៅ ដែលប្រព្រឹត្តសកម្មភាពមិនសមរម្យចំពោះភ្ញៀវ។
ករណីខាងលើនេះ ក្រុមការងារស្រុកបានចុះទៅណែនាំច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែមិនបានចូលរួមសហការពេញលេញនៅឡើយ។
ជាមួយគ្នានេះដែរ ពាក់ព័ន្ធជាមួយម្ចាស់ទីតាំងដែលបានប្រព្រឹត្តកំហុសនេះ រដ្ឋបាលស្រុក សម្រេចបិទអាជីវកម្ម មិនឲ្យលក់បន្តទៀតទេ ដោយសារធ្វើឲ្យខូចមុខមាត់ កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុក ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កន្លងមកនេះ។
លើសពីនេះទៅទៀត រដ្ឋបាលស្រុក ក៏បានណែនាំចំពោះ កិច្ចការងារចំនួន៤ចំនុច ជូនដល់អាជីវករ ដែលប្រកបអាជីវកម្មតាមបណ្តោយឆ្នេរនេះទាំងអស់រួមមាន៖
១. មិនឲ្យមានការបក់ដៃ ឬឃាត់រថយន្តដើម្បីហៅភ្ញៀវចូលតាមតូបនីមួយៗ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
២. គ្រប់តូបទាំងអស់ត្រូវរៀបចំអនាម័យ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់អាជ្ញាធរ ជៀសវាងសំរាមពាសវាលពាសកាល។
៣. សុំឲ្យមានការប្រុងប្រយ័ត្នចំពោះក្មេងតូចៗដែលចុះលេងទឹក ករណីចុះលេងសូមឲ្យឳពុកម្តាយ ឬបងប្អូនតាមដានមើលឲ្យបានត្រឹមត្រូវ ជៀសវាងបង្ករគ្រោះថ្នាក់ដោយប្រការណាមួយ។
៤. សូមឲ្យការប្រើប្រាស់ឆ្នេរនេះជាសាធារណៈ គឺមិនមានការប្រកាន់យកទីតាំងណាមួយជាកម្មសិទ្ធិរបស់ខ្លួនផ្តាច់មុខ ឬហាមមិនឲ្យភ្ញៀវមិនឲ្យដាក់តុ ឬកន្ទេលសម្រាប់អង្គុយកម្សាន្តទេ។
ជាចុងក្រោយរដ្ឋបាលស្រុក សូមថ្លែងអំណរគុណដល់អ្នកដែលបានផ្តល់ព័ត៌មាន និងចូលរួមជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់នៅទីតាំងខាងលើ ជាពិសេស សូមបងប្អូនប្រជាពលរដ្ឋ នឹងសាធារណ:ជន ទាំងអស់អញ្ជើញមកកម្សាន្តសប្បាយរីករាយទាំងអស់គ្នា បើមានបញ្ហាសូមទំនាក់ទំនងមកអាជ្ញាធរតាមទូរស័ព្ទលេខ:012 424 389 ៕





