ឧត្ដរមានជ័យ ៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ដោយដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ហម ភិរក្ស ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៣ :៤០នាទី លោកវរសេនីយ៍ទោ សត្យា រ៉ូម៉េអ៊ូ អធិការស្តីទី បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង ធ្វើការចុះបង្រ្កាបទីតាំងលេងល្បែង (ឆ្នោត-កន្ទុយលេខ) ចំនួន ២ទីតាំង រួមមាន ៖
-ទីតាំងទី១ ៖ ឃាត់ខ្លួនម្ចាស់ទីតាំងឈ្មោះ ឡែម សារ៉ូ ភេទស្រី អាយុ ៤៤ឆ្នាំ ប្រកបមុខរបរលក់ចាប់ហួយ មានទីលំនៅភូមិគោកគរ សង្កាត់សំរោង ក្រុងសំរោង ដោយដកហូតវត្ថុតាងមួយចំនួនមាន ៖ ក្រដាសរ៉ាមសម្រាប់កត់លេខឆ្នោត ១សន្លឹក និងទូរស័ព្ទដៃម៉ាក TECNO ពណ៌ប្រផេះ ១គ្រឿង ដែលប្រើបាស់សម្រាប់បញ្ជូនលេខឆ្នោតទៅមេ ។
-ទីតាំងទី២ ៖ ឃាត់ខ្លួនឈ្មោះ ធួក មេសា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិគោកគរ សង្កាត់សំរោង ក្រុងសំរោង មុខរបរលក់ និងកត់លេខឆ្នោតចល័តតាមម៉ូតូ កម្លាំងសមត្ថកិច្ច បានដកហូតសម្ភា:វត្ថុតាងមួយចំនួនរួមមាន ៖ ម៉ាស៊ីនព្រីនលេខឆ្នោតពណ៌ខ្មៅចំនួន ១គ្រឿង ទូរស័ព្ទម៉ាក itel ពណ៌ប្រផេះ សម្រាប់កត់ និងបញ្ជូនលេខឆ្នោត ចំនួន ១គ្រឿង ក្រដាសព្រីនលេខឆ្នោត ចំនួន ៣ដុំ ប្រាក់រៀលចំនួន ៤៩៦.៤០០រៀល ម៉ូតូម៉ាកហុងដាវេវពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ឧត្តរមានជ័យ 1B-8404 ចំនួន ១គ្រឿង ។
បច្ចុប្បន្នវត្ថុតាង រួមជាមួយជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕




