ភ្នំពេញ ៖ លោកស្រី ដោ សម្ភស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅលើគណនីហ្វេសប៊ុកផ្លូវការ បញ្ជាក់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដូចខាងក្រោមថា
ប៉ុន្មានថ្ងៃនេះឃើញបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកលេងបណ្តាញសង្គមមួយចំនួន និងបងៗដែលអះអាងថាអ្នកដឹកភ្ញៀវទេសចរណ៍ទៅទស្សនាសារមន្ទីរជើងឯក បានធ្វើការវែកញែកអំពីកំណាត់ផ្លូវ១ខែ្ស ដែលរងការខូចខាត ស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។
បន្ទាប់មក រដ្ឋបាលសង្កាត់ជើងឯក និងមន្រ្តីអាជ្ញាធរបានព្យាយាមពន្យល់អំពីដើមហេតុនៃបញ្ហា ថាតើហេតុអ្វីបានជាកំណាត់ផ្លូវនេះមិនទាន់អាចស្ថាបនាបានក៏ដោយ ក៏បងប្អូននៅតែមិនទាន់ទទួលយកបាន និងនៅតែធ្វើការបកស្រាយ ថត Live វីដេអូ និងខំមិនឌឺដង ថាអាជ្ញាធរមិនចេះធ្វើការងារ មិនយកចិត្តទុកដាក់ គ្មានសមត្ថភាព អសកម្ម ខ្លះទាមទារឱ្យចុះចេញពីដំណែង ។ល។ និង។ល។
ថ្ងៃនេះ លោកស្រី សូមអនុញ្ញាតផ្តល់ព័ត៌មានបន្ថែម ហើយការលើកឡើងរបស់ខ្ញុំខាងក្រោមនេះមិនមែនជាការឆ្លងឆ្លើយ ឬមិនព្រមទទួលយកនូវការរិះគន់របស់បងប្អូននោះទេ ប៉ុន្តែខ្ញុំគិតថាបងប្អូនអាចនៅខ្វះព័ត៌មាន ឬមិនទាន់បានយល់ច្បាស់ពីដើមទងនៃរឿងនេះ។
ទីតាំងដីដែលបងប្អូនហៅថា “ផ្លូវ” ហើយកំពុងធ្វើដំណើរឆ្លងកាត់នេះ គឺនៅជាដីកម្មសិទ្ធិរបស់ឯកជននៅឡើយទេ ប៉ុន្តែគ្រាន់តែចំណុចទីតាំងនោះគឺស្ថិតក្នុងផែនការនៃការបង្កើតផ្លូវថ្មី និងកំពុងស្ថិតក្នុងដំណាល់កាលសិក្សាផលប៉ះពាល់។
បងប្អូនសាកគិតឡើងវិញ បើសិនទីតាំងដីនោះជារបស់បងប្អូន តើបងប្អូនអនុញ្ញាតឱ្យអាជ្ញាធរស្ថាបនាផ្លូវរឹងមាំដោយមិនបាច់ដោះស្រាយទូទាត់សងសំណងជូនបងប្អូនឬយ៉ាងណា? ឬក៏បងប្អូនព្រមលះបង់ជូនរដ្ឋដោយមិនគិតថ្លៃ?
និយាយដល់ត្រង់នេះ បងប្អូនអាចសួរវិញថា បើមិនទាន់ដោះស្រាយរួច ម៉េចក៏បើកផ្លូវនេះឱ្យប្រើ? ដោយទីតាំងមិនមានសំណង់នានា និងគ្រាន់តែជាដីវាលនៅទំនេរ ហេតុនេះ អាជ្ញាធរបានសម្របសម្រួលជាមួយម្ចាស់ដី ដើម្បីបើកឱ្យប្រើបណ្តោះអាសន្ន ដោយគ្រាន់តែឈូសឆាយពង្រាប បង្ហាប់ និងឈូសឱ្យចេញជារាងតួផ្លូវ ដើម្បីសម្រួលលំហូរចរាចរណ៍ពីតំបន់ជិតខាង ជាពិសេសដើម្បីបញ្ចៀសការកកស្ទះនៅតំបន់ផ្លូវ ៦០ម៉ែត្របានមួយចំនួនធំ។
ពេលបើកឱ្យប្រើប្រាស់ដំបូង ផ្លូវនេះមិនទាន់ខូចខាតនៅឡើយ តែដោយសារការដឹកធ្ងន់ និងស្ថិតក្នុងរដូវភ្លៀង ទើបធ្វើឲ្យផ្លូវនេះខូចខាត និងទ្រុឌទ្រោមបែបនេះ។
បើមិនមានផ្លូវនេះ តើបងប្អូនធ្វើដំណើរដឹកភ្ញៀវទេសចរណ៍ទៅសារមន្ទីរជើងឯកតាមណា? មានផ្លូវច្រើនណាស់ ហើយបងប្អូនក៏ស្គាល់និងប្រើប្រាស់រហូតមកដែរ មិនមែនចាំបាច់ត្រូវតែដឹកភ្ញៀវតាមផ្លូវនេះទេ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា បើតាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ទីតាំងនេះនឹងស្ថាបនាជាតួផ្លូវមានទទឹងប្រមាណ ៥០ម៉ែត្រ តភ្ជាប់ពីមហាវិថី ឈុន គង់ រហូតដល់ផ្លូវលេខ ២១៧។ ប៉ុន្តែតាមរបាយការណ៍ស្រង់ស្ថិតិរបស់រដ្ឋបាលខណ្ឌដង្កោ គឺមានប្រជាពលរដ្ឋជាម្ចាស់ដីរងផលប៉ះពាល់សរុបចំនួន ២៨គ្រួសារដែលត្រូវដោះស្រាយ មុននឹងអាចស្ថាបនាដងផ្លូវនេះបាន។ មិនមែនអ្នកណាៗចេះតែឱ្យយើងទទេរៗទេ រួមទាំងបងប្អូនអ្នកខំមិន អ្នកវែកញែកនេះផងដែរ។
អាជ្ញាធរតែងទទួលយកការរិះគន់ ក្នុងន័យស្ថាបនា មិនមែនជាការវាយប្រហារដោយគ្មានហេតុផល និងមិនព្រមទទួលយកការបកស្រាយនោះទេ។
ជាចុងក្រោយ បើសិនជានៅបងប្អូនពិតជាមិនទាន់អាចទទួលយកបាននូវការបកស្រាយរបស់អាជ្ញាធរ ឬនៅតែយល់ថាពួកយើងអសមត្ថភាពក្នុងការស្ថាបនាផ្លូវនេះ និងដើម្បីបញ្ចៀសការភ័ន្តច្រឡំ ឬវែកញែកផ្ទុយពីការពិតកាន់តែច្រើន ប្រហែលជាអាជ្ញាធរត្រូវបង្ខំចិត្តផ្អាកការប្រើប្រាស់បណ្តោះអាសន្ននូវកំណាត់ផ្លូវនេះសិន រង់ចាំដោះស្រាយផលប៉ះពាល់ចប់សព្វគ្រប់ និងស្ថាបនាផ្លូវនេះរួច ចាំបើកឱ្យដំណើរការជាថ្មី ហើយមើលទៅ? តើនេះជាអ្វីដែលបងប្អូនចង់បានមែនទេ???




