កំពង់ស្ពឺ ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកវរសេនីយ៍ឯក អូន សុវ៉េត ស្នងការរងទទួលផែនការងារអត្ដសញ្ញាណកម្ម លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋបានធ្វើការបញ្ជាដល់ផ្នែកអត្ដសញ្ញាកម្មស្រុកសហការផ្សព្វផ្សាយនិងចុះស្រាវជ្រាវលើការទទួលដាក់ធានាបំណុលដោយប្រើប្រាស់ឯកសារ អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) សៀវភៅស្នាក់ការ (ច្បាប់ដើម) សៀវភៅគ្រួសារ (ច្បាប់ដើម) ជាក់ស្ដែងសមត្ថកិច្ចនគរបាលបានការសហការស្រាវជ្រាវរកឃើញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលម្ចាស់ទីតាំងហាងលក់និងបង់រំលស់ទូរស័ព្ទមួយកន្លែង “ យីហោឈ្មោះ រដ្ឋាឯកទេសជួសជុលលក់ទូរស័ព្ទដៃទំនើប “ ស្ថិតនៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយម្ចាស់ទីតាំងខាងលើបានស្ម័គ្រចិត្ដសហការជាមួយសមត្ថកិច្ចប្រគល់សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) សរុបចំនួន១៦៣ សន្លឹក ក្នុងពិនិត្យឃើញមានផុតសុពលភាព ចំនួន១០សន្លឹក និងអ្នកមានទីលំនៅខេត្តផ្សេងពីកំពង់ស្ពឺមានចំនួន៤០សន្លឹក ផុតសុពលភាពចំនួន ២សន្លឹក។
ជាគោលការណ៍ ឯកសារច្បាប់ដើម របស់ប្រជាពលរដ្ឋ មិនអាចយកទៅដាក់ធានាឬបញ្ចាំលើបំណុលណាមួយបានឡើយ ក្នុងករណីពលរដ្ឋត្រូវការដើម្បីធានាលើអ្វីមួយអាចយកឯកសារច្បាប់ដើមទៅថតចម្លងនិងបញ្ជាក់ នីត្យានុកូលកម្មនៅតាមច្រកចេញ-ចូលតែមួយនៅតាមរដ្ឋបាលក្រុង/ស្រុក ដែលនៅជិត ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្ដែងលើសពីនេះឯកសារអត្តសញ្ញាណបណ្ណរឹតតែមិនអាចអោយបុគ្គលណាម្នាក់ក្រៅពីសាមីខ្លួនយកទៅធ្វើឬប្រើប្រាស់បានឡើយ ជាងវៀសការពាក់ព័ន្ធផ្លូវច្បាប់ក្នុងករណីសកម្មភាពនោះជាការល្មើសនឹងច្បាប់ពេលសមត្ថកិច្ចប្រតិបត្ដិការរកឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសដែលបានស្រាវជ្រាវរកឃើញដូចជាការបើកគណនីធនាគារឬយកទៅធ្វើអ្វីផ្សេងទៀត៕
សូមអរគុណដល់ម្ចាស់អាជីវកម្មទាំងអស់ដែលមិនទទួលយកឯកសារច្បាប់ដើមពីពលរដ្ឋ
ពលរដ្ឋមិនត្រូវជួលឬបញ្ចាំឬប្រគល់នូវឯកសារអត្ដសញ្ញាណបណ្ណទៅអោយបុគ្គលផ្សេងឡើយ






