ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយ លោក ទ្រី មករា និងលោក កុល ប៉េងឈុន អភិបាលរងស្រុក បានចុះពិនិត្យស្ថានភាពជាក់ស្តែង និងផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួនរងការខូចខាត ដូចជា រលំផ្ទះ របើកដំបូល រលំបង្គោលភ្លើង និងបាក់រលំដើមឈើ កាលពីវេលាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្នុងភូមិសាស្រ្តឃុំស្នោ និងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្នុងនោះឃុំចារប៉ះពាល់ ៤៣គ្រួសារ និងឃុំស្នោ ៥០គ្រួសារ ។
ក្នុងឱកាសនោះ កម្លាំងចុះពិនិត្យបានយកចិត្តទុកដាក់ស្រង់ព័ត៌មានអំពីទំហំនៃការខូចខាត និងស្ថានភាពលំបាករបស់គ្រួសាររងគ្រោះ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ និងស្វែងរកវិធានការជួយសង្គ្រោះ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ រដ្ឋបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ និងគ្រោះធម្មជាតិផ្សេងៗ ជាពិសេសត្រូវជៀសវាងការស្នាក់នៅក្រោមដើមឈើធំៗ បង្គោលភ្លើង ឬសំណង់ដែលមានសភាពទ្រុឌទ្រោម ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។
រដ្ឋបាលស្រុក តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ប្រឈមនឹងការលំបាកដោយឯកោឡើយ។













