កំពង់ស្ពឺ៖ ថ្ងៃសៅរ៍ ៩ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងយោធនិវត្តន៍ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយ-នាយរងការិយាល័យ និងជំនួយការ លោកមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ និងជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក លោកប្រធានស្នាក់ការសន្តិសុខ និងកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត ព្រមទាំងយោធនិវត្តន៍ ។
ឆ្លៀតក្នុងឱកាសកម្មវិធីសំណេះសំណាលនេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានកោតសរសើរ និងថ្លែងអំណរអរគុណដល់បងប្អូនកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ខិតខំបំពេញភារកិច្ច ក្នុងកិច្ចការការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ពិសេសថ្នាក់ដឹកនាំ ។ លើសពីនេះទៀត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ រួមទាំងក្រុមគ្រួសារផងដែរ ។
ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានឧបត្ថម្ភជូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងម្នាក់ៗ ទទួលបាន ទឹកបរិសុទ្ធ ចំនួន០១កេស ភេសជ្ជៈចំនួន០១កេស អាវរងារ ចំនួន០១ មី ចំនួន០១កេស ចេក ចំនួន០១ស្និត និងជូនដល់យោធនិវត្តន៍ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមាន (អង្ករ ចំនួន០២ការ៉ុង ភេសជ្ជៈចំនួន០១កេស ទឹកបរិសុទ្ធ ចំនួន០១កេស អាវរងារ ចំនួន០១ និងចេក ចំនួន០១ស្និត ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានជូនពរជ័យសិរីមង្គលដល់ យោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងយោធិនសោធននិវត្តន៍ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ សូមឲ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕




