កណ្តាល ៖ នៅថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្ត និងមេបញ្ជាការ អហ ក្រុងស្រុកទាំង១៣ ជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយនិវត្តជន នៃកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤.កក្កដា.១៩៩៣-១៤.កក្កដា.២០២៦) ព្រមទាំងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ។ ស្ថិតក្នុងឱកាសដ៏សែនសោមនរីករាយនេះលោក ឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ នឹករលឹក និងជូនពរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រិទ្ធិសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាពិសេសលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តកណ្តាល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ និងយោធិនចូលសោធននិវត្តន៍ ដែលកំពុងមានជំងឺសម្រាកព្យាបាល នៅតាមផ្ទះ និងនៅតាមមន្ទីរពេទ្យ។ ថ្លែងក្នុងពិធីនោះដែរលោក ឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បានមានប្រសាសន៏បន្តទៀតថាលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់មន្ត្រីកងរាជអាវុធហត្ថក្រោមឱវាទដែលកំពុងបម្រើការងារនិងមន្ត្រីដែលចូលសោធននិវត្តន៍ គ្រួសារអាវុធហត្ថ ពលី-មរណៈ អាវុធហត្ថមានជីវភាពខ្វះខាតជួបការលំបាក ទោះជាស្ថិតនៅទីកន្លែងណា ពេលវេលាណា ក៏មិនដែលបំភ្លេចពួកគាត់បានឡើយ។ ស្ថិតក្នុងឱកាសដ៏សែនរីករាយ នៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ ( ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៦) នាពេលនេះ។ លោក ឧត្តមសេនីយ៍ មេបញ្ជាការ សូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះនាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ ជាពិសេសយោធិនចូលសោធននិវត្តន៍ ពិការ ពលី-មរណៈ ដែលបានតស៊ូលះបង់រាល់គ្រប់ឧបសគ្គកន្លងមក ខិតខំប្រឹងប្រែងបំពេញការងារកសាងកងរាជអាវុធហត្ថខេត្តកណ្តាល ឲ្យទៅជាអង្គភាពមួយមានការរីកចម្រើន និងរឹងមាំមកដល់សព្វថ្ងៃ សមទ្ធិផលជាច្រើនដែលសម្រេចបាន គឺជាការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់បងប្អូននិវត្តជនទាំងអស់។ ក្នុងនាមជា មេបញ្ជាការ នាយ នាយរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ចងចាំជានិច្ចនូវរាល់គុណូបការៈ ដែលអតីតយុទ្ធជន បានធ្វើពលិកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបាន របស់បងប្អូននិវត្តជនទាំងអស់ និងសូមដឹងគុណជានិច្ចគ្មានថ្ងៃបំភ្លេចបានឡើយ ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តសិទ្ធទាំងឡាយក្នុងលោក សូមប្រោសប្រទាននូវសព្ទសាធុការពរជ័យ សេរីបវរមហាប្រសើរ ជូនចំពោះយោធិនចូលសោធននិវត្តន៍ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងក្រុមគ្រួសារ សូមឲ្យមានសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន និងមានសុភមង្គលក្នុងក្រុមគ្រួសារ ជាពិសេសអ្នកមានជំងឺរោគគារ សូមឲ្យឆាប់ជាសះស្បើយពីជំងឺ និងសូមឲ្យបានជួបប្រទះនូវពុទ្ធទាំងបួនប្រការគឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
















