ភ្នំពេញ រដ្ឋបាលខណ្ឌប្ញស្សីកែវ ជម្រាបជូន លោក ព្រំ បូរ , លោកស្រី ព្រំ អូន , និងលោកស្រី តាំង ហៃថាំង តម្រូវអោយរុះរើសំណង់ឃ្លាំង របងថ្ម និងសម្ភារៈផ្សេងៗចេញពីលើដីស្ថិតក្នុងប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ទីតាំងដីដែលលោក លោកស្រីកំពុងគ្រប់គ្រងកាន់កាប់នេះ គឺជាដីរបស់ប្រជាពលរដ្ឋជាច្រេីនគ្រួសារផ្សេងទៀតមានសេចសម្រេចពីរដ្ឋបាលរាជធានីភ្នំពេញ តែមិនទាន់បានចូលកាន់កាប់។
ជាការពិតអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានប្រគល់ដីចំនួន ០៤ឡូតិ៍ តាមរយៈសេចក្តីសម្រេចលេខ ០០៧/១៦ សសរ. អជដ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ (ជំហ៊ាន ៣) គឺឡូតិ៍លេខ ៩ ,១១ និងឡូតិ៍លេខ ១៣ ផ្លូវ ៥៩៨ និងឡូតិ៍លេខ ១០ ផ្លូវ ១៧២១ ជូនក្រុមគ្រួសារលោក-លោកស្រីរួចរាល់ ហើយ។ លេីសពីនេះទៅទៀតតាមអំណាចសាលដីកាលេខ ៣១២(ផ) ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ របស់តុលាការកំពូល ក៏បានបែងចែកដីខាងលើជូន លោក-លោកស្រី រួចហើយដោយបង្គាប់អោយឈ្មោះ ព្រុំ បូ ប្រគល់ដីទំហំ ២០ម៉ែត្រ គុណ ៦០ម៉ែត្រ អោយទៅឈ្មោះ ព្រុំ អូន ស្មេីដីចំនួន ២ ឡូតិ៍ ជាក់ស្តែង គឺឡូតិ៍លេខ ១៣ ផ្លូវ ៥៩៨ និងឡូតិ៍លេខ ១០ ផ្លូវ ១៧២១ ព្រមទាំងបានចុះអនុវត្តសាលដីកា ស្ថាពរកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ រួចហេីយ។
ដោយឡែកទីតាំងដីស្ថិតនៅប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ផ្លូវលេខ ៥៩៨ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គឺ លោក-លោកស្រី គ្រប់គ្រងដោយខុសច្បាប់ ជាន់លើដីប្រជាពលរដ្ឋមានសេចក្តីសម្រេច និងដីឡូតិ៍បម្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ។ រដ្ឋបាលខណ្ឌ ធ្លាប់បាន ជូនដំណឹង ០៣លើករួចហើយ តម្រូវឲ្យរុះរើសំណង់ឃ្លាំង និងរើយកសម្ភារៈផ្សេងៗចេញពីទីតាំងដីខាងលើ ប៉ុន្តែរហូត មកដល់ពេលនេះលោក-លោកស្រី ពុំអនុវត្តឡើយ ។
ដូចនេះ ដើម្បីឈានទៅបញ្ចប់ទំនាស់ទាំងស្រុងក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ រដ្ឋបាលខណ្ឌឫស្សីកែវ តម្រូវឲ្យ លោក-លោកស្រី រុះរើសំណង់ឃ្លាំង របងថ្ម និងសម្ភារៈផ្សេងៗចេញពីលើដីស្ថិតក្នុងប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវក្នុងរយៈពេល ០៥ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះ ដើម្បីរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបែងចែង និងប្រគល់ដីជូន ប្រជាពលរដ្ឋមានសេចក្តីសម្រេច និងរក្សាដីឡូតិ៍បម្រុងសម្រាប់បន្តដោះស្រាយសំណុំរឿងទំនាស់ដែលនៅសេសសល់ ។ ក្នុងករណីលោក-លោកស្រី មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាលចុះរុះរើដោយពុំទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ផលប្រយោជន៍អ្វីឡើយ ។



