ខេត្តកណ្តាល ៖ កាលពីថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល បានរៀបចំពិធីបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦)។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងលោកស្រីវេជ្ជបណ្ឌិត អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកវេជ្ជបណ្ឌិត អនុប្រធានមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល
ដោយមានការចូលរួមពី នាយទាហាន នាយទាហានរង ពលទាហាន ក្រុមគ្រូពេទ្យ ព្រមទាំងក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងស្របតាមភារកិច្ចស្នូល “បង្ការ បង្ក្រាប និងសង្គ្រោះ” ក្រោមការដឹកនាំ និងចង្អុលបង្ហាញជាប្រចាំពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល តែងតែឈរលើគោលការណ៍គោរពបទបញ្ជា វិន័យ សាមគ្គីភាពផ្ទៃក្នុង និងត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ឬខ្វះឈាមចាំបាច់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកឧត្ដមសេនីយ៍ មេបញ្ជាការ បានស្ងើចសរសើរ និងលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងអ្នកចូលរួមទាំងអស់ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស។
លទ្ធផលក្នុងពិធីនេះ៖ មានអ្នកចូលរួមសរុប ២៦៥នាក់ ក្នុងនោះអ្នកបរិច្ចាគឈាមជាក់ស្តែងមានចំនួន ១៨៥ នាក់ ស្មើនឹង ១៨៥ ផ្លោក។ ប្រវត្តិនៃការបរិច្ចាគឈាម (ចាប់ពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន)៖ អង្គភាពតែងតែរៀបចំយ៉ាងតិច ០១ដងក្នុងមួយឆ្នាំ ដោយគិតមកទល់ពេលនេះសម្រេចបានចំនួន ១៦លើក មានអ្នកចូលរួមសរុប ៣៦៩៧ នាក់ និងទទួលបានឈាម ជូនមជ្ឍមណ្ឌលជាតិផ្តល់ឈាម ចំនួនជាងពីពាន់ផ្លោក។






