![]()
ខេត្តសៀមរាប៖ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍ជួយពន្លត់ភ្លើងឆេះតូបលក់សម្លៀកបំពាក់។ នាយប់ម៉ោង២១:៣៣នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆេះតូបលក់សម្លៀកបំពាក់ ស្ថិតនៅចំណុចភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប និងកម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្ត បានចេញរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះតូបខាងលើ។
ក្នុងករណីនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ប៉ុន្តែមិនបណ្តាលឱ្យឆេះរាលដាលដល់តូបផ្សេងទៀត និងមិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។
ជានិច្ចជាកាល អាវុធហត្ថខេត្តសៀមរាប តែងតែយកចិត្តទុកដាក់ ចេញអន្តរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋ ពេលមានទុក្ខធុរៈផ្សេងៗក្នុងខេត្តសៀមរាប។ ក្នុងនោះដែរបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប។







