កីឡា៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ៖ បន្ទាប់ពីការប្រកួត៥ទឹក ដ៏ស្វិតស្វាញ រវាងកីឡាករ ពេជ្រ សុឃីម និងកីឡាករ ប៉ែនកាក់ រាជសីហ៍ កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ កន្លងមកនេះ យើងបានកត់សម្គាល់ឃើញថា មានមតិយោបល់ និងប្រតិកម្ម ជាច្រើនពីសំណាក់មហាជន អ្នកគាំទ្រគុនខ្មែរ ទាក់ទងទៅនឹងលទ្ធផល នៃការប្រកួត ដែលចៅក្រម បានផ្តល់ជ័យជំនះ ដោយមិនឯកច្ឆន្ទ (៣ទល់២) ទៅកីឡាករ ប៉ែនកាក់ រាជសីហ៍ (ចៅក្រម ៣នាក់ អោយ ប៉ែនកាក់ រាជសីហ៍ ឈ្នះ ២នាក់ អោយ ពេជ្រ សុឃីមឈ្នះ)។
ជាដំបូង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមហាជនទាំងអស់ ដែលតែងតែគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យគុនខ្មែរ។ ការចូលរួមមតិយោបល់របស់អ្នកគាំទ្រ គឺជាកម្លាំងសំខាន់មួយ ក្នុងការជំរុញឱ្យវិស័យនេះមានការរីកចម្រើន និងមានភាពប្រសើរឡើងជានិច្ច។
ទាក់ទងនឹងលទ្ធផលការប្រកួត យើងសូមបញ្ជាក់ថា ការប្រកួតកីឡាប្រយុទ្ធ ការកាត់សេចក្តីឈ្នះចាញ់ គឺអាស្រ័យលើការវិនិច្ឆ័យដោយចៅក្រមតាមបទប្បញ្ញត្តិ និងលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់ជាក់លាក់។ ក្នុងកីឡាប្រភេទនេះ មិនមានយន្តការណាមួយដែលអាចវាស់វែងលទ្ធផលបានដោយភាពល្អឥតខ្ចោះលើគ្រប់ករណីនោះឡើយ ហើយការកាត់សេចក្តីដោយមនុស្ស ក៏មិនអាចមានភាពសុក្រឹត ១០០% បានគ្រប់ការប្រកួតដូចគ្នា ជាពិសេស ការប្រកួតដែលមានលក្ខណៈស្វិតស្វាញ ប្រកៀកប្រកិតគ្នាបែបនេះ។
ការសម្រេចឈ្នះចាញ់ ដោយមិនឯកច្ឆន្ទ (Split Decision) គឺជាលទ្ធផលធម្មតាមួយ ដែលតែងតែកើតឡើងនៅទូទាំងពិភពលោក លើការប្រកួតមួយចំនួនដែលចៅក្រមទាំងអស់ (៣រូប ឬ៥រូប) មិនមានការឯកភាពគ្នាលើលទ្ធផល (មិនដាច់ស្រេច)។ យោងតាមបទបញ្ជាបច្ចេកទេស គណៈវិនិច្ឆ័យនឹងផ្តល់ជ័យជំនះទៅកីឡាករណាដែលទទួលបានការផ្តល់ពិន្ទុឈ្នះដោយចៅក្រមភាគច្រើន។ ក្នុងករណីនេះការផ្តល់ជ័យជំនះទៅកីឡាករខាងណា ក៏មិនប្រាកដថាមានយុត្តិធម៌ត្រឹមត្រូវ១០០%ដែរ (លុះត្រាមានការពិនិត្យឡើងវិញដោយហ្មត់ចត់និងមានរូបភាពយឺតៗជាជំនួយ)។
ក្នុងនាមប្រធានសហព័ន្ធ ខ្ញុំហ៊ានធានាថា មិនមានករណីបក្សពួកនិយម (ខ្សែធំតូច) ដូចការលើកឡើងមួយចំនួននោះទេ។ ក្លឹបទាំង២ និងលោកគ្រូទាំង២ សុទ្ធតែជាបុគ្គលដែលបានចូលរួមអភិវឌ្ឍធនធានគុនខ្មែរអោយរីកចម្រើន ដោយសមត្ថភាពពិតៗ មិនមែនតាមរយៈខ្នងបង្អែក ឬខ្សែបណ្តាញនោះឡើយ។
ខ្លួនខ្ញុំផ្ទាល់ ទទួលស្គាល់ថាការកាត់សេចក្តីប្រកួតនេះ ពិតជាមានការលំបាកណាស់សម្រាប់ចៅក្រមក្នុងការវិនិច្ឆ័យ ម្នាក់ដើរចូលវាយ វាយចេញច្រើនចំគោលដៅច្រើន ម្នាក់ទៀតថយវាយតាមបច្ចេកទេស ចំគោលដៅច្បាស់ហើយមានទម្ងន់ ទោះបីជាសម្រេចអោយខាងណាឈ្នះក៏នឹងទទួលការរិះគន់ (មិនអស់ចិត្ត) ពីអ្នកគាំទ្រកីឡាករម្ខាងៗដែរ។
ទោះជាយ៉ាងណាក្នុងនាមស្ថាប័នកាត់សេចក្តី យើងខ្ញុំគោរពចំពោះអារម្មណ៍ និងមតិយោបល់របស់អ្នកគាំទ្រទាំងអស់។
សហព័ន្ឌនឹងបន្តពង្រឹងគុណភាពការវិនិច្ឆ័យ ការបណ្តុះបណ្តាលចៅក្រម និងការគ្រប់គ្រងការប្រកួត ឱ្យកាន់តែមានតម្លាភាព សុក្រឹតភាព និងការទទួលខុសត្រូវខ្ពស់បំផុត។
ជាចុងក្រោយ ខ្ញុំសូមអំពាវនាវ ដល់មហាជនទាំងអស់ បន្តគាំទ្រវិស័យគុនខ្មែរ ដោយស្មារតីកីឡា គោរពលទ្ធផល និងរួមចំណែក ក្នុងការកសាងឱ្យវិស័យគុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិ មរតកវប្បធម៌ជាតិដ៏មានតម្លៃមហាសាលមួយនេះ រីកចម្រើនប្រកបដោយចីរភាព។
