ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនថ្មីៗនេះ មានការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត បុកជាមួយ ម៉ូតូសណ្ដោងរឺម៉ក បណ្ដាលឲ្យ (ស្លាប់០១នាក់ស្រី) និងរងរបួសស្រាលចំនួន០៤នាក់ (ស្រី០៣នាក់) កើតហេតុកាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង២០នាទី នៅចំណុចខាងមុខហាង 168 លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ការខូចខាត៖ ម៉ូតូសណ្ដោងរឺម៉ក ០១គ្រឿង (ធ្ងន់) និងរថយន្ត ០១គ្រឿង (ធ្ងន់) ម៉ាក MERCEDES BENZ S500 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា JEC.SENG។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការសាកសួរជុំវិញកន្លែងកើតហេតុ ធ្វើកំណត់ហេតុដកហូតមធ្យោបាយពាក់ព័ន្ធមករក្សាទុកនៅអធិការនគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ចំណែករថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុទេ បន្តបើកមកដល់មុខកីឡដ្ឋានបាល់ទាត់ខេត្តកណ្តាល រួចចតរថយន្តហើយគេចខ្លួន។
ចំពោះមូលហេតុបឋមករណីខាងលើ បណ្ដាលមកពីអ្នកបើកបររថយន្តបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យទៅបុកជាមួយម៉ូតូសណ្ដោងរឺម៉កបើកបរមានទិសដៅផ្ទុយគ្នា និងបានបើករថយន្តគេចចេញពីកន្លែងកើតហេតុ។
សមត្ថកិច្ចជំនាញ ស្រាវជ្រាវ ដឹងថា អ្នកបើកប ររថយន្តបង្កឈ្មោះ ស៊ឹង ស៊ុនសេង ភេទប្រុស កើតឆ្នាំ១៩៩១ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ១៧អា ផ្លូវ៣២០ ភូមិ៦ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចំពោះជនខាងលើ ត្រូវចូលខ្លួនមក អនុវត្តនីតិវិធី នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាបន្ទាន់ យ៉ាងយូរត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។
អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាបតាមការគួរ!




