រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នារសៀល ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំមន្ត្រីពាក់ព័ន្ធ នាំយកសេចក្ដីជូនដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជួលទីតាំងពីឈ្មោះ ព្រំ បូរ ដោយតម្រូវអោយរុះរើសំណង់ និងសម្ភារៈផ្សេងៗចេញពីលើដីឡូតិ៍ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានហាមឃាត់ ។
ទីតាំងដែលតម្រូវអោយរុះរើ រួមមានចំនួន៣ទីតាំង៖
១-ទីតាំង លោក ខាត់ ផល្លា ឋិតនៅលើឡូត៍១១ ជាងជួសជុលម៉ូតូ
២- ទីតាំង លោក មាស ពៅ ឋិតនៅលើឡូត៍១១ ជាងជួសជុលម៉ូតូ
៣-ទីតាំង លោក ភា វុទ្ធី ឋិតនៅលើឡូត៍ទី៩ ជាងជួសជុលស៊ីទែនសាំង និងលក់កាហ្វេ
ដែលទីតាំងទាំង៣ខាងលើ ស្ថិតនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ផ្លូវលេខ៥៩៨ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានជួលពីឈ្មោះ ព្រំ បូរ គឺត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រេចហាមឃាត់មិនឱ្យឈ្មោះ ព្រំ បូរ និងក្រុមគ្រួសារ គ្រប់គ្រងចាត់ចែងអាស្រ័យផលបន្តទៀតឡើយ លុះត្រាតែឈ្មោះ ព្រំ បូរ និងក្រុមគ្រួសារ រុះរើសំណង់ និងចាកចេញពីដី ក្នុងប្លុកត្រីកោណដែលកាន់កាប់ខុសច្បាប់ បញ្ឈប់សកម្មភាពប្តឹងទាមទារដីបន្ថែមផ្ទុយពីខ្លឹមសារសេចក្តីសម្រេចរបស់អាជ្ញាធរ ជាតិដោះស្រាយទំនាស់ដីធ្លី ។
ដូចនេះ ឈ្មោះ ព្រំ បូរ និងក្រុមគ្រួសារ ពុំមានសិទ្ធិក្នុងការជួលដីឡូតិ៍ខាងលើជូន លោក ឡើយ ហើយ រដ្ឋបាលខណ្ឌឫស្សីកែវ តម្រូវឱ្យ លោក បញ្ចប់កិច្ចសន្យាជួលដីពីឈ្មោះ ព្រំ បូរ ជាបន្ទាន់ និងរុះរើសំណង់សម្ភារៈផ្សេងៗ ចេញពីលើដីឡូតិ៍ខាងលើ ក្នុងរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ។ ក្នុងករណី លោក មិនសហការអនុវត្ត តាមការណែនាំខាងលើ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាលចុះរុះរើដោយពុំទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ ផលប្រយោជន៍អ្វីឡើយ ។
អាស្រ័យហេតុនេះ សូមលោក លោកស្រី ជ្រាប និង អនុវត្តតាមខ្លឹមសារខាងលើ៕







